2 Peter 3

1ឥឡូវនេះបងប្អូន​ជា​ទី​ស្រលាញ់​អើយ! ​នេះ​ជា​សំបុត្រទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ហើយ​នៅក្នុង​សំបុត្រ​ទាំងពីរ​នេះខ្ញុំបានរំឭក​និង​ដាស់គំនិត​ដ៏​ស្មោះត្រង់របស់អ្នករាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង 2ដើម្បីឲ្យ​អ្នករាល់គ្នា​នឹកចាំ​អំពី​សេចក្ដី​ដែល​ពួកអ្នកនាំព្រះបន្ទូល​ដ៏​បរិសុទ្ធ​បាន​ថ្លែងទុក​កាល​ពី​មុន​មក​និង​ពី​បញ្ញត្ដិរបស់ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នករាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក 3មុនដំបូងចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថានៅគ្រាចុង​ក្រោយ​បំផុត​នឹង​មាន​មនុស្សចំអក​ដែល​ដើរតាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​គេមក​ទាំង​ចំអក 4ដោយនិយាយ​ថា​តើ​សេចក្ដីសន្យា​អំពី​ការ​យាង​មករបស់ព្រះអង្គនៅឯណាដ្បិតតាំងពី​ពួក​ដូនតាដេកលក់​ទៅ​នោះ​អ្វីៗ​ទាំងអស់នៅតែដដែល​តាំង​ពីដើមកំណើតផែនដី​មក។ 5ព្រោះគេ​ចង់​បំភ្លេច​សេចក្ដីនេះថាតាំងពី​យូរ​ណាស់​មក​ហើយ​នោះ​មាន​ផ្ទៃមេឃហើយផែនដី​ក៏​ត្រូវ​បាន​បង្កើតឡើង​ឲ្យ​ផុស​ចេញពីទឹកនិងនៅក្នុងទឹកដោយសារព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 6បន្ទាប់មកពិភពលោក​ត្រូវ​ទឹក​នោះ​ជន់លិចបំផ្លាញ 7ហើយដោយសារ​ព្រះបន្ទូលដដែលផ្ទៃមេឃនិងផែនដីនាបច្ចុប្បន្ន​នេះ​ត្រូវ​បានបម្រុងទុក​សម្រាប់​ភ្លើង​ព្រមទាំង​ទុកសម្រាប់ថ្ងៃជំនុំជម្រះនិង​ថ្ងៃ​នៃ​សេចក្ដីវិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់ 8បងប្អូនជា​ទី​ស្រលាញ់​អើយ! ​សូមកុំភ្លេច​សេចក្ដី​មួយនេះ​ឡើយ​ថានៅ​ចំពោះ​ព្រះភក្ដ្រព្រះអម្ចាស់មួយថ្ងៃដូចជាមួយពាន់ឆ្នាំហើយមួយពាន់ឆ្នាំ​ក៏​ដូចជាមួយថ្ងៃ​ដែរ 9ព្រះអម្ចាស់មិនយឺត​នឹង​ធ្វើ​តាម​សេចក្ដីសន្យា​របស់​ព្រះអង្គ​ដូចជា​អ្នក​ខ្លះគិត​ថា​យឺត​នោះ​ទេ​ផ្ទុយទៅវិញ​ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ចំពោះអ្នករាល់គ្នាមិនចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​គឺ​ចង់​ឲ្យ​មនុស្ស​ទាំងអស់​បាន​ប្រែចិត្ដ​វិញ 10ថ្ងៃរបស់​ព្រះអម្ចាស់​នឹង​មកដូចជាចោរនៅថ្ងៃនោះផ្ទៃមេឃ​នឹង​រលាយបាត់ទៅដោយ​សូរ​គ្រាំគ្រេងធាតុទាំងឡាយ​នឹង​ឆេះ​អស់​ហើយ​ត្រូវ​បំផ្លាញ​ទៅ​ផែនដីនិងអ្វីៗ​ដែល​នៅផែនដី​ក៏​នឹង​វិនាស​អស់​ដែរ។ 11បើអ្វីៗទាំងនេះ​នឹង​ត្រូវបំផ្លាញ​បែប​នេះ​ទៅ​ហើយ​តើ​អ្នករាល់គ្នា​ត្រូវ​រស់នៅបែបណា​គឺ​អ្នករាល់គ្នា​ត្រូវ​តែ​មាន​កិរិយាបរិសុទ្ធនិងគោរព​កោតខ្លាច​ព្រះជាម្ចាស់ 12ទាំងទន្ទឹងរង់ចាំ​ឲ្យ​ថ្ងៃ​របស់​ព្រះជាម្ចាស់ឆាប់មកដល់ព្រោះនៅ​ថ្ងៃ​នោះផ្ទៃមេឃ​នឹង​ឆេះ​អស់​ហើយ​ត្រូវ​បំផ្លាញ​ទៅ​ឯ​ធាតុទាំងឡាយ​ក៏​នឹង​ឆេះរលាយ​អស់​ដែរ។ 13ប៉ុន្ដែយើង​ទន្ទឹងរង់ចាំផ្ទៃមេឃថ្មីនិងផែនដីថ្មីតាមសេចក្ដីសន្យា​របស់​ព្រះអង្គ​ដែល​នៅទីនោះមាន​តែ​សេចក្ដី​សុចរិត 14ដូច្នេះបងប្អូន​ជា​ទី​ស្រលាញ់​អើយ! ​ក្នុង​ពេល​ដែល​អ្នករាល់គ្នា​ទន្ទឹងរង់ចាំសេចក្ដីទាំងនេះ​ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នករាល់គ្នា​ឥតស្លាកស្នាមឥត​កន្លែង​បន្ទោស​បាន​ទាំង​មាន​សេចក្ដីសុខសាន្ដ​ផង 15ហើយចូរ​យល់​ថា​សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់​នៃ​យើង​ជា​សេចក្ដីសង្គ្រោះដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជា​ទី​ស្រលាញ់​របស់​យើង​បាន​សរសេរ​មក​អ្នករាល់គ្នាតាមប្រាជ្ញា​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់ 16ហើយដូចនៅក្នុងសំបុត្រ​ទាំងឡាយ​របស់​គាត់​គាត់​បាន​និយាយអំពី​សេចក្ដី​ទាំងនេះ​ហើយ​មាន​សេចក្ដី​ខ្លះពិបាកយល់ដែល​ពួក​ល្ងង់ខ្លៅនិង​ពួក​មិនខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំងនោះ​ដូច​គេ​បង្វែរ​បទគម្ពីរផ្សេងទៀតដែរ​ដែល​នាំ​ឲ្យ​មាន​សេចក្ដីវិនាសលើខ្លួនឯង 17ដូច្នេះបងប្អូន​ជា​ទី​ស្រលាញ់​អើយ! ​ដោយព្រោះ​អ្នករាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជាមុន​រួច​ហើយ​ចូរ​ប្រយ័ត្នដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវ​សេចក្ដីខុសឆ្គងរបស់​ពួក​មនុស្ស​អាក្រក់អូសទាញ​ហើយ​បាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្លួន​នោះ​ឡើយ 18ផ្ទុយទៅវិញចូរ​ឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើង​ខាង​ឯ​ព្រះ​គុណនិង​ខាង​ឯ​ការស្គាល់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។ ​សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរីរុងរឿងទាំង​នៅពេល​ឥឡូវនេះនិងរហូតអស់កល្បជានិច្ចអាម៉ែន
Copyright information for KhmKCB